តើ​យុត្តិធម៌​មាន​ហើយ​រឺ​នៅ ចំពោះ​ការផ្តន្ទាទោស​ម្ចាស់​ក្លឹប ម៉ៃ​អា​មី ឱ្យ​ជាប់​ពន្ធនាគារ​១២​ឆ្នាំ និង​បក្ខពួក​៧​នាក់ ក្នុង​ម្នាក់ៗ​ជាប់ពន្ធនាគារ ១០​ឆ្នាំ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ប្រមាណ​១០​គីឡូក្រាម ​និង​ការផ្តន្ទាទោស អ្នកឧកញ៉ា គិត ធាង ម្ចាស់​ក្លឹប​កំសាន្ត​រ៉ុក និង បក្សពួក ពី​ម្នាក់​១​ឆ្នាំ​៦​ខែ ដល់​៤​ឆ្នាំ ពាក់ព័ន្ធ​គ្រឿងញៀន​រហូតដល់​ជិត​៥០​គីឡូក្រាម​នោះ ?

​រាជធានី​ភ្នំពេញ​៖​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​បើក​សវនាការ​ប្រកាស​សាលក្រម​លើ​សំណុំរឿង «​ផលិត ជួញដូរ រក្សាទុក ចាត់ចែង​សម្រួល​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​» និង​បទ «​សមគំនិត​ក្នុង​អំពើ​ជួញដូរ រក្សាទុក​ចាត់ចែង​ប្រើប្រាស់ និង​សម្រួល​ឱ្យ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​»​។ ដោយ​ចៅក្រម​សម្រេច​ផ្តន្ទាទោស​ឈ្មោះ ស្រេង វីរៈ ម្ចាស់​ក្លឹប​ម៉ៃ​អា​មី ដាក់ពន្ធនាគារ​១២​ឆ្នាំ និង​អ្នកពាក់ព័ន្ធ​ចំនួន​០៧​នាក់​ផ្សេង​ទៀត ក្នុង​ម្នាក់ៗ​ជាប់​ពន្ធនាគារ​ពី​១១​ឆ្នាំ​- ១០​ឆ្នាំ និង​៥​ឆ្នាំ​។​ក្នុង​សំណុំរឿង​នេះ​ប៉ូលីស​រឹបអូស​បាន​គ្រឿងញៀន​ប្រមាណ​តែ ១០​គីឡូក្រាម​ប៉ុណ្ណោះ ។ តែ​គ្រឡេក​មើល​សំណុំរឿង របស់​អ្នកឧកញ៉ា គិត ធាង ម្ចាស់​ក្លឹប​កំសាន្ត​រ៉ុក ឯណោះ​វិញ គឺ​សមត្ថកិច្ច បាន​រឹបអូស​គ្រឿងញៀន​រហូតដល់ ជិត​៥០​គីឡូក្រាម និង​បាន​ផ្តន្ទាទោស ក្នុង​ម្នាក់​តែ​១​ឆ្នាំ​៦​ខែ ដល់​៤​ឆ្នាំ​ប៉ុណ្ណោះ ។​

​គួររំលឹកថា​៖​កាលពី​ថ្ងៃ​ទៅ​២០ ខែ​មីនា ឆ្នាំ​២០២០​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១៣១៥ ចុះ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដែល​មាន​ជនជាប់ចោទ​ចំនួន​ចំនួន​៣៤ នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ ចាត់ចែង​អោយ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​.​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​.​សមគំនិត​ក្នុង​អំពើ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន .​ដែល​ប្រព្រឹត្ត​នៅ​ចំណុច​មជ្ឃមណ្ឌល​កម្សាន្ត​រ៉ុក ស្ថិតនៅ​លើ​មហាវិថី​ព្រះមុន្នីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដោយ​ផ្តន្ទាទោស​ជនជាប់ចោទ​ម្នាក់ៗ ដាក់​ពន្ធនាគារ​ចន្លោះ​ពី​១​ឆ្នាំ​៦​ខែ ដល់​៤​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី ៣​លាន​រៀល ដល់​៨​លាន​រៀល ។​

​សម្តេច​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​របស់​ក្រសួង​សុខាភិបាល​នៅ​សណ្ឋាគារ សូហ្វីតែ​ល កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩ កន្លងមក​។​
​បាន​ថ្លែង​សារ​ព្រមាន​ធ្ងន់ៗ ថា​ករណី​ឧក្រិដ្ឋកម្ម​នៅ​រ៉ក់ មិនត្រូវ​លើកលែង​នោះទេ ទោះ​ត្រូវ​ជីក​រាប់ម៉ឺន​ម៉ែត្រ​ចុះទៅ​ក្រោម​ក៏​ត្រូវ​ជីក​ដើម្បី​រក​មេក្លោង ព្រោះ​វា​បាន​បំផ្លាញ​យុវជន​មិន​តិច​នោះទេ ។​

​ក្រោយ​ពី​ការផ្តន្ទាទោស​ម្ចាស់​ក្លឹប​និង អ្នកពាក់ព័ន្ធ​បាន​រយៈពេល​ជាង​១​ឆ្នាំ ក្លឹប​កំសាន្ត​រ៉ុក ដែល​ជា​អតីត​ទីតាំង​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​នេះ ក៏​បាន​ត្រូវ​វ៉ៃ​កំទេចចោល​រាប​ដល់​ដី ក្នុង​អំឡុង​ចុង​ខែ​ឧសភា ដល់​ខែ​មិថុនា ឆ្នាំ ២០២០ នេះ ។​

​ទោះជា​យ៉ាងណា​ប្រជាជន​មួយចំនួន​ក៏​បាន​នាំគ្នា​ផ្តិតមេដៃ​ផងដែរ​ដើម្បី ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ពិនិត្យ​សំណុំរឿង​នេះ​ឡើង​វិញ​អោយ​បាន​ម៉ត់ចត់ ដើម្បី​អោយ​ប្រជាជន​បាន​អស់ចិត្ត ព្រោះ​ថា​អ្នក​មាន អ្នកក្រ អ្នកតូច អ្នកធំ ត្រូវ​រស់នៅ​ក្រោម​ច្បាប់​ទាំងអស់គ្នា​។​

​សូមបញ្ជាក់​ថា ម្ចាស់​ក្លឹប​កំសាន្ត​រ៉ុក របស់​អ្នកឧកញ៉ា គិត ធាង ធ្លាប់ធ្វើ កិច្ចសន្យា​ចំនួន​២​លើក រួចមកហើយ​ដោយ បាន​សន្យាថា “​មិន​អនុញ្ញាត​អោយ​មាន​ការជួញដូ​រ ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន នៅក្នុង​ទីតាំង​អាជីវកម្ម និង​សុខចិត្ត​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ បិទ​អាជីវកម្ម​ទាំងស្រុង និង​ទទួលខុសត្រូវ​តាម​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ព្រម​ទាំង​ច្បាប់​ផ្សេងៗ​ទៀត​។​

​បើទោះបីជា​មាន​ការធ្វើ​កិច្ចសន្យា​ចំនួន​ពីរដង​រួចមកហើយ​ក៏ដោយ នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់​របស់​អ្នកឧកញ៉ា គិត ធាង នៅតែ​មាន​ការជួញដូរ ចែកចាយ​និង​ប្រើប្រាស់​ញៀន រហូត​ដល់​ថ្ងៃ​ចាប់ ៕