​បែក​ថ្នាំ​ដេញ​កាប់​ឪពុក​ម្តាយ​ខ្លួនឯង​មិន​បាន​ទៅ​កាប់​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​

​ភ្នំពេញ ៖ យុវជន​ម្នាក់ ដោយសារ​ប្រើប្រាស់​ថ្នាំញៀន រហូត​វង្វេងស្មារតី បង្ក​ការអុកឡុក​ក្នុង​ក្រុម​គ្រួសារ និង​អ្នកភូមិ ប្រដាប់​ដោយ​ដាវ ដំបង ដេញ​កាប់​ឪពុកម្តាយ មិនបាន​សម្រេច បែរជា​កាប់​លើ​ស្ត្រី​ម្នាក់​ដើរ​តាម​ផ្លូវ បណ្តាលឲ្យ​រងរបួស​ធ្ងន់ ហើយ​រត់​ទៅ​សង្ងំ​លាក់ខ្លួន​ក្នុងព្រៃ ផ្អើល​ប្រជាពលរដ្ឋ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ កម្លាំង​ប្រជា​ការពារ​តាម​ខ្លួន​បាន កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២០ នៅក្នុង​ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​ជនសង្ស័យ​មាន​ឈ្មោះ ឈិន សៅ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ធ្លាប់​ជាប់​មណ្ឌល​កែប្រែ មាន​ឪពុក​ឈ្មោះ ឆុន ឈិន អាយុ​៥៣​ឆ្នាំ មុខរបរ​កសិករ មាន​បងប្អូន​៣​នាក់ ប្រុស​ទាំង​អស់ ជនសង្ស័យ​ជា​កូន​ទី​២ រស់នៅ​ផ្ទះ​កន្លែងកើតហេតុ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ស៊ុន កក ភេទ​ស្រី អាយុ​៦៣​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ ជា​ស្ត្រី​ម៉េ​ម៉ា​យ កូនប្រុស​៣​នាក់ រស់នៅ​ក្នុងភូមិ​កើតហេតុ​ជាមួយគ្នា​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា មុន​កើតហេតុ ជនសង្ស័យ​ធ្លាប់​គម្រាម​កាប់​អ្នកភូមិ ក្រុមគ្រួសារ ឪពុកម្តាយ ច្រើនលើក​ច្រើនសារ​មក​ហើយ លុះ​មកដល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ឧសភា​នេះ ជនសង្ស័យ​ប្រដាប់​ដោយ​ដាវ ដំបង គម្រាម​ដេញ​កាប់​ឪពុក​ម្តាយ តែ​មិនបាន​សម្រេច នាំគ្នា​រត់គេច ស្របពេល​ដែល​ស្ត្រី​រងគ្រោះ គាត់​ដើរ​ឆ្លងកាត់​មុខ​ផ្ទះ​របស់​ជនសង្ស័យ បំណង​ទៅ​ធ្វើការ​រោងចក្រ ស្រាប់តែ​ជនសង្ស័យ​ស្ទុះ​មក​កាប់​លើ​ស្ត្រី​រងគ្រោះ បណ្តាលឲ្យ​របួស​ក្បាល ដៃ ហូរ​ឈាម​កក្លាក់ វង្វេង​បាត់ស្មារតី ក្នុង​បំណង​សម្លាប់​ចោល​តែ​មិន​ស្លាប់ ហើយ​ជនសង្ស័យ​រត់​គេច​ទៅ​សង្ងំ​ក្នុង​ព្រៃ​ឫស្សី​មុខផ្ទះ​បាត់​។​

​ស្ត្រី​រងគ្រោះ ក្នុង​សភាព​របួស​ធ្ងន់ធ្ងរ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ស្នើ​សុំ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០ ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ហើយ​កម្លាំង​នគរបាល កម្លាំង​ប្រជា​ការពារ ពលរដ្ឋ​ក្នុង​ភូមិ ចេញ​អន្តរាគមន៍ តាម​ស្វែងរក​ជនសង្ស័យ​ដែល​រត់​ទៅ​សង្ងំ​ក្នុង​ព្រៃ អស់​រយៈពេល​៣០​នាទី ក្រោយ​ទើប​ឃាត់ខ្លួន​បាន​។​

​ជនសង្ស័យ​ក្នុង​សភាព​ញៀន​ថ្នាំ បាន​និយាយថា រូបគេ​ខឹង​នឹង​កូនប្រុស​របស់​ស្ត្រី​រងគ្រោះ ចេះ​ធ្វើ​អំពើ (​ផ្លូវ​ងងឹត​) បាន​ធ្វើឲ្យ​រូបគេ​វង្វេង ទើប​រូបគេ​គុំ​ចាំ​កាប់ ស្ត្រី​រងគ្រោះ ជា​ម្តាយ ក្នុង​បំណង​សម្លាប់ចោល រហូត​បាន​សម្រេច​។​

​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ ចាប់ខ្លួន រួមជាមួយ​វត្ថុតាង រួច​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ខណ្ឌ​៕