ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រោយពី​បាន​ដាក់​ថ្នាំ​សណ្តំ​ទៅលើ​បុរស​រត់​កង់​បី​ម្នាក់​

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ចំការមន​ធ្វើការ​ឃាត់ខ្លួន​ក្រោយពី​ធ្វើ​សកម្មភាព​ដាក់​ថ្នាំ​សណ្តំ​លួច​យក​កាបូប​លុយ​ត្រូវ​កម្លាំង​ខណ្ឌ​ចំការមន​បាន​ធ្វើ​ការឃាត់ខ្លួន​ស្ត្រី​ម្នាក់​ក្រោយ​ពី​ធ្វើ​សកម្មភាព​ដាក់​ថ្នាំ​សណ្តំ​ទៅលើ​បុរស​រត់​កង់​បី​ម្នាក់​ហើយ​បម្រុង​រត់​គេចខ្លួន​តែ​ត្រូវ​អ្នក​រត់​កង់​បី​ជិតខាង​ឃើញ​ទាន់ ហេតុការណ៍​នេះ​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤ ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​២៤ ខែ​ឧសភា​ឆ្នាំ​២០២០ នៅតាម​បេតុង​ផ្លូវ​៤៣៦ សង្កាត់​បឹងត្របែក​ខណ្ឌ​ចំការមន​

​ស្ត្រី​ជនសង្ស័យ​មាន​ឈ្មោះ​អ៊ុច ចាន់ថា អាយុ​៣៤​ឆ្នាំ​មុខរបរ​នៅ​ផ្ទះ​ស្នាក់នៅ​ផ្ទះជួល​ផ្លូវ ៩៧​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន និង​មាន​ទីលំនៅ នៅ​ភូមិ​ចំរើន​ផល​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ​ថន កោសល្យ​អាយុ​៣៥ ឆ្នាំ​មុខរបរ​រត់​កង់​បី​ស្នាក់នៅ​ភូមិ​២៤ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។​

​បើតាម​សម្ដី​របស់​សមត្ថកិច្ច​ខណ្ឌ​ចំការមន​បាន​ប្រាប់​ឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​ស្ត្រី​ជា​ជនសង្ស័យ​បាន​ហើយរ​ម៉ក​កង់​បី​ជិះ​ចេញពីផ្ទះ​ទៅ​ផ្សារ​បឹងត្របែក​បំណង់​ទៅ​តាមដាន​សង្សារ​របស់​ខ្លួន ពេល​ដែល​មក​ដល់​ផ្សារ​បឹងត្របែក​ស្ត្រី​ជា​ជន​សង្យ័យ​បាន​ឲ្យ​បុរស​ជា​ជនរងគ្រោះ​ឈប់ ពេល​ដែល​ឈប់​រួច​ស្ត្រី​ជនសង្ស័យ​មិន​បាន​ចុះ​ពី​លើ​រ៉ឺម៉ក​កង់​បី​ទេ ហើយ​អង្គុយ​រង់ចាំ​មើល ពេល​អង្គុយ​យូរៗ​ទៅ​ស្ត្រី​ជា​ជនសង្ស័យ​បានឲ្យ​បាន​ប្រើ​ឱ្យ​ជនរងគ្រោះ​ទៅ​ទិញ​ទឹកក្រូច​យកមក​ផឹក ។​

​ប្រភព​ព័ត៌មាន​បាន​បន្តទៀតថា ពេល​ដែល​ជនរងគ្រោះ​បាន​ទិញ​ទឹកក្រូច​មក​ដល់​ហើយ​ក៏​បាន​ចាក់​ដាក់​កែវ ម្នាក់​មួយ​កែវ ពេលនោះ​ស្ត្រី​ជា​ជនសង្ស័យ​បាន​លួច​ដាក់​ថ្នាំ​សណ្តំ​នៅក្នុង​កែវ​របស់​បុរស​ដែល​ជា​អ្នករត់​កង់​បី ហើយ​ក៏​ឱ្យ​បុរស​ជា​អ្នករត់​កង់​បី​ផឹក​ទឹកក្រូច​ឲ្យអស់​មួយ​កែវ ពេលដែល​បុរស​រត់​កង់​បី​ផឹក​ដូច​បង​មួយ​កែវ​ហើយក៏​មាន​អាការៈទន់​រួចក៏​សន្លប់​ស្តូកស្តឹង​ពេលនោះ​ស្ត្រី​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ​ហើយ​ចុះ​ពីលើ​កង់​បី​ទៅ​ម្ដុំ​លូទឹកស្អុយ ពេលនោះ​ក៏​មាន​បុរស​ជា​អ្នករត់​កង់​បី​ម្នាក់​ដែល​នៅក្បែរនោះ​បាន​ឃើញ​ហេតុការណ៍​ក៏​ចាប់​ស្ត្រី​ជនសង្ស័យ​ប្រគល់ឱ្យ​សមត្ថកិច្ច​ខណ្ឌ​ចំការមន​កំពុងតែ​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​រួច​ក៏​បាន​ដឹក​ជនសង្ស័យ​យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​ខណ្ឌ​ចំការមន​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នារី​ស្ត្រី​ជា​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​ដាក់​ថ្នាំ​សណ្ដំ​ឱ្យ​បុរស​ជា​អ្នករត់​កង់​បី​នៅ​ក្នុង​កែវ​ទឹកក្រូច​ពិតប្រាកដ​មែន​

​បច្ចុប្បន្ន​ស្ត្រី​ជា​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ផ្លូវច្បាប់​។​
​រីឯ​នេះ​ឯ​ជនរងគ្រោះ​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​សូ​វៀត ហៅ​ពេទ្យ​រុស្សី​៕