ប្រជាពលរដ្ឋ​ចំនួន​ពី​ភូមិ​ដែល​រស់នៅ​ក្នុង​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប មានការ​រងគ្រោះ​ពី​អាជ្ញាធរ​ស្រុក​បន្ទាយស្រី​រួម​បាន​ចាត់​កម្លាំង​ចំរុះ​យក​គ្រឿងចក្រ ចុះ​រុញ​ផ្ទះ​ពលរដ្ឋ​អស់​ជាច្រើន​ខ្នង

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ដែល​រស់នៅ ភូមិ ត្បែង​លិច និង​ភូមិ ស្រះ ខ្វៅ ឃុំ ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ត្រូវបាន​អាជ្ញាធរ​ស្រុក​និង​កម្លាំង សមត្ថកិច្ច ចំរុះ​ជាច្រើន ប្រកប​ដោយ​អាវុធ​បាន​យក​គ្រឿងចក្រ មក​ឈូសឆាយ រុះរើ​ផ្ទះ​របស់​ពួកគាត់ អស់​ជាច្រើន​ខ្នង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងមកនេះ​។​

​ដោយឡែក​ប្រជាពលរដ្ឋ​ដែល​រង​នូវ​ការ​កំរៀម ពី​អាជ្ញាធរ​សូម​ឱ្យ​ពួកគាត់​ធ្វើការ​រុះរើ​ផ្ទះ​ដោយ​ខ្លួនឯង​ដោយសារតែ​ប្រជាពលរដ្ឋ​មិន​ព្រម​ក៏​បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយ​ផ្ទះ​របស់​ពួកគាត់​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​នាំគ្នា​មក តវ៉ា សូម​ឲ្យ​អាជ្ញាធរ​ស្រុក​មាន​ការដោះស្រាយ​ជូន​ពួកគាត់ នៅត្រង់​ផ្លូវបំបែក​ជា​បួន ផ្លូវ​ឡើង​ទៅ​ភ្នំ​គូរ​លែ​ន ដោយ ម្នាក់ៗ មាន​កាន់​រូបថត សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​៖ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សុំឲ្យ​ជួយ​មាន​ដំណោះស្រាយ និង​ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់​ផង ផ្ទះ​ដែល​បាន​វ៉ៃ​ចោល​សរុប​អស់​ចំនួន​៥១​ខ្នង់​ផ្ទះ និង​បន្ត​រុះរើ​បន្ថែមទៀត ។​

​ប្រជាពលរដ្ឋ​បានឲ្យដឹងថា អាជ្ញាធរ បាន​ប្រាប់​ពួក​គាត់​ថា​ដី​ដែល​ពួក​គាត់​រស់នៅ​នេះ​គឺ​មាន​ការពា​ក់ព​ន្ធ័ ដូច្នេះ​ត្រូវតែ​រុះរើ ហើយ​ការរុះរើ​ខាងលើ​នោះ​ពេល​ចុះ​អនុវត្ត​គឺ​មិន​បាន​ជូនដំណឹង​មុន​ដល់​ពួកគាត់​នោះទេ​។

​ពលរដ្ឋ​បន្តទៀតថា ពួកគាត់​បាន​រស់នៅ​ទី​នេះ​យូរ​ឆ្នាំ​មក​ហើយ​និង​បាន​អាស្រ័យ​ផលដំណាំ​ផ្សេងៗ​គ្រប់​ប្រភេទ​។​

​តែ​ទោះបីជា​យ៉ាងណា​ជុំវិញ​នៃ​រឿងរ៉ាវ​ខាងលើ​នេះ​ខាង​សារព៏ត៌មាន​យើង​នៅ​មិនទាន់​មាន​ការបំភ្លឺ​ឬ​បញ្ជាក់​អ្វី​ពី​លោក​អភិបាល​ស្រុក​នៅឡើយ​ទេ​ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៕