គ្រូបង្រៀន​ម្នាក់​បាន​ស្លាប់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​

ខេត្ត​រតនគីរី ៖ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៦.៤៩​នាទី យប់​ថ្ងៃ​ទី​១៥ ខែវិច្ឆិការ ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវជាតិ​លេខ​៧៨ ស្ថិតក្នុង​ភូមិ​សោម​ធំ ឃុំ​សោម​គល់ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគីរី​។​

​បើ​យោង​តាម​ប្រភព​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​ស ១​គ្រឿង ពាក់​ស្លាក​លេខ ភព​2Q 4335 បើកបរ​យ៉ាង​លឿន ពី​កើត​ទៅ​លិច មកដល់​កន្លែងកើតហេតុ ក៏​រ៉េ​ចង្កូត​ចូលទៅ​ផ្លូវ​ខាង​ឆ្វេង បុក​ម៉ូតូ​ពីមុខ យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ជិះ​ម៉ូតូ ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​តែ​ម្ដង​។

​នគរបាល​ស្រុក​អូរយ៉ាដាវ បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ឡា​ន់ ឡ​ន អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​សោម​ធំ ឃុំ​សោម​គល់ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគីរី ជា​គ្រូបង្រៀន ចំណែក​ម៉ូតូ​ដែល​ជនរង្គ្រោះ​ជិះ​ម៉ាក​វេវ ពណ៍​ក្រហម ពាក់​ផ្លាក់លេខ តាកែវ 1E.2651​។ សមត្ថកិច្ច​បន្ត​ទៀត​ថា ក្រោយពេល​កើតហេតុ តៃកុង​រថយន្ត​រត់គេច​ខ្លួន​បាត់ ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។​

​ក្នុងករណី​នេះ​ដែរ កម្លាំង​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ បាន​សហកា​រណ៍ ជាមួយ​កម្លាំង​នគ​បាល​ចរាចរណ៍ ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង ព្រមទាំង​នាំ​យក​រថយន្ត​បង្ក និង​ម៉ូតូ​ជនរង្គ្រោះ​ទៅ​រក្សាទុក​នៅ​អធិការនគបាល​ស្រុក ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​។ ដោយឡែក​សព​ជន រង្គ្រោះ​ប្រគល់​ឲ្យ​សាច់ញាតិ ដឹកយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕