ឈ្មួញ​ជីក​យក​ដី​មាត់​ព្រែក​ធ្វើឲ្យប៉ះពាល់ ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​មិន​អើពើ ធ្វើឲ្យ​ប្រជាពលរដ្ឋ បាត់បង់​ជំនឿ​លើ​អាជ្ញាធរ​មូលដ្ឋាន​

ខេត្ត​ព្រៃវែង​៖ ប្រជាពលរដ្ឋ​នៅ​ភូមិ ជ្រៃពោធិ៍​សា​វ៉ាង ឃុំ​រាប ស្រុក​ពារាំង ក្ដៅក្រហាយ និង​បាត់បង់​ជំនឿ លើ​អាជ្ញាធរ​ស្រុក មិន​មាន​ដំណោះស្រាយ​ជូន​ពួកគាត់ បើ​ទោះ​ជា​ពួកគាត់​បាន​ផ្ដិតមេដៃ​ប្ដឹង​លោក គ្រា​ង សម្បត្តិ ដែល​បាន​ជីក​កាយ​យក​ដី ដឹក​ទៅ​លក់ ធ្វើឲ្យប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួក​គាត់​យ៉ាងណា​ក៏ដោយ​។​

​បន្ទាប់​ពី​ការជីក​យក​ដី​នៅ​មាត់​ព្រែក ធ្វើឲ្យប៉ះពាល់​ដល់​សម្បត្តិ​រដ្ឋ​មក ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឃុំ​ខាងលើ បានឲ្យ​អ្នកសារព័ត៌មាន VD7 យើង​ដឹង​ថា លោក គ្រា​ង សម្បត្តិ បាន​ដាក់​គ្រឿងចក្រ ជីក​យក​ដី​មាត់​ព្រែក ដឹក​ទៅ​លក់ ជិត​ក្លាយ​ជា​ទន្លេ​ទៅហើយ លោក​មេឃុំ អភិបាលស្រុក និង​ជំនាញ​ពាក់ព័ន្ធ មិន​រវល់​អើពើ ហាក់ដូចជា​មាន​ការឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ បើ​ទោះ​ជា​ពួកគាត់​បាន​មូលមតិ​គ្នា​ក្នុងភូមិ ផ្ដិតមេដៃ​ប្ដឹង​ដល់​អាជ្ញាធរ​ស្រុក ជាច្រើនលើក​យ៉ាងណាក៏ដោយ​។ ពាក់ព័ន្ធ​ទៅនឹង​ការដឹកជញ្ជូន ធ្វើឲ្យ​ខូចផ្លូវ ព្រមទាំង​ធ្វើឲ្យ​ដី​ហុយ ប៉ះពាល់​ដល់​សុខភាព និង​ការរស់នៅ​របស់​ពួកគាត់​។ ពួកគាត់​បាន​បញ្ជាក់ទៀតថា លោក គ្រា​ង សម្បត្តិ បាន​ទិញ​ដីស្រែ​ពី​ប្រជា​ពល តែ​គាត់​ទៅ​ជីក​យក​ដី​នៅ​មាត់​ព្រែក​ទៅវិញ​។​

​លោក ហង្ស ដា​នី ប្រធាន​ភូមិបាល​ស្រុក​ពារាំង បានឲ្យដឹងថា ជា​ការពិត​ណាស់ លោក គ្រា​ង សម្បត្តិ បាន​ទិញ​ដីស្រែ​ពី​ប្រជាពលរដ្ឋ តែ​គាត់​ទៅ​ជីកដី​មាត់​ព្រែក ហើយ​ការជីក​យក​ដី​មាត់ ព្រែក​ដែល​ជា​សម្បត្តិ​រដ្ឋ​នេះ អាស្រ័យ​លើ​អាជ្ញាធរ​មូលដ្ឋាន​។​

​ចំណែក​លោក ហ៊ី ធួ​ក អភិបាល​ស្រុក​ពារាំង​ថា ដី​ដែល​លោក គ្រា​ង សម្បត្តិ ជីក​កាយ​យក​ដី​នេះ ជា​ដីស្រែ​របស់​គាត់​ទិញ​យូរហើយ ចំពោះ​ការដឹក​ធ្វើ​ឲ្យ​ហុយ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ លោក​ដឹង​ហើយ ចាំ​លោក​ហៅ​គាត់​មក​និយាយ​ថែមទៀត​។ លោក​អភិបាលស្រុក បាន​បន្ថែមទៀតថា កាល​មុន​លោក​បាន​ឲ្យ​លោក គ្រា​ង សម្បត្តិ ធ្វើ​កិច្ចសន្យា​ម្ដងមកហើយ អញ្ចឹង​ចាំ​លោក​បន្ត​ការងារ​នេះ​ទៀត ពី​ព្រោះ​ការ​ហុយ​នេះ អាច​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដែល​ជិះ​ម៉ូតូ ចាំ​លោក​ចាត់ការ និង​មាន​វិធានការ​។ លោក​ក៏​អរគុណ​ដែរ ដល់​អ្នកសារព័ត៌មាន ដែល​ឈឺឆ្អាល​ក្នុង​រឿង​នេះ​។​

​បើ​ទៅ​ជា​យ៉ាងណា ដី​មាត់ទន្លេ ស្ទឹង បឹង ព្រែក​ទាំងឡាយ ប្រជាពលរដ្ឋ​អាច​អាស្រ័យ​ផល​លើ​ដី​នោះ​បាន ក៏ប៉ុន្តែ​មិន​មាន​ជនណាម្នាក់ អាច​ជីក​កកាយ ធ្វើឲ្យ​មាន​ផលប៉ះពាល់ និង​ធ្វើឲ្យ​ខូចខាត​សម្បត្តិ​រដ្ឋ​នោះ​ទេ លើកលែងតែ​មាន​ករណី​ចាំបាច់ ហើយ​មាន​ការសិក្សា​ច្បាស់លាស់​ពី​ស្ថាប័ណ្ណ​ជំនាញ ថ្នាក់​ខេត្ត រហូត​ដល់​ក្រសួង អំពី​ផលប៉ះពាល់​តឺប៉ុណ្ណោះ​៕ ដោយ សូ សុខា​