បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ​ចាប់ផ្តើម​កម្រើក​ទៀត​ហើយ​តែ​អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់បីដូច​ជា​នៅ​ស្ងៀមស្ងាត់​

ខេត្ត​ព្រះវិហារ ៖ កម្រើក​ទៀត​ហើយ​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ​ក្នុងព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ រាលដាល​កាន់តែ​ខ្លាំងក្លា​ជាង​មុន ខណៈ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​លោក​អ៊ា សុខា​និង​នាយ​ដែនជម្រកសត្វព្រៃ​ព្រះ​រកា លោក​យ៉ាន ប៊ុនធឿន កំពុង​សង្ងំ​ធ្វេី​មិនដឹង​របៀប​កន្ទេលធំប​ន្លំ​ដេក​។​

​ប្រភព​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈេ​ី​ព្រះ​រកា​បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​ថា​នៅ ក្នុង​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ បានឲ្យដឹងថា រយៈពេល​២​សប្ដាហ៍​ចុងក្រោយ​នេះ បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ព្រះ​រកា មាន​មាន​សភាព​កាន់តែខ្លាំង ជាង​មុន​ទៅទៀត ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​សោះឡើយ​។​

​ប្រជា​សហគមន៍​ការពារ​ព្រៃឈេ​ី​ព្រះ​រកា បានឲ្យដឹងថា មន្ត្រី​បរិស្ថាន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត គឺជា​អ្នក​ឃុបឃិត​ឲ្យមាន​បទល្មើស​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ព្រះ​រកា យ៉ាង​គគ្រឹកគគ្រេង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​។​

​រីឯ​លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ និង​លោក អ៊ា សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈពេល​ដែល​បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​ព្រះ​រកា កំពុង​កំរើក​ឡើង​វិញ​យ៉ាង​គ​ឃ្លេី​ន​និង​ច្បាប់​ស្តី​ព្រៃឈេ​ី​។​

​តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ខេត្ត​ព្រះវិហារ បានឲ្យដឹងថា កន្លងមក​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ មិនបាន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ព្រះ​រកា ក៏ដូចជា​តំបន់​ព្រៃ​ឡង់ ក្នុង​ខេត្ត​ព្រះវិហារ នៅឡើយ​។​

​ដូច្នេះហើយ​ទើប​មាន​ក្រុមហ៊ុន​មួយចំនួន​ដូចជា ក្រុមហ៊ុន សំអឿន សុវណ្ណ និង​ក្រុមហ៊ុន​អង្គរ​ប្លាយ​វូដ ហ៊ាន​បន្តសកម្មភាព​បំពាន​កាប់​ឈើ​នៅក្នុង​ព្រៃ​ព្រះ​រកា ក៏ដូចជា​ប្រមូល​ទិញ​ឈើ​ដែល​ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស​ដឹកជញ្ជូន​ចេញពី​ព្រៃ​ព្រះ​រកា ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។​

​សូម្បីតែ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ បើទោះបី​រយៈពេល​២​សប្ដាហ៍​ចុងក្រោយ​នេះ បទល្មើស​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ព្រះ​រកា មាន​ការកើនឡើង​យ៉ាង​គំហុក​ក៏ដោយ​។​

​សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា បានឲ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​នេះ​ថា​ប្រសិន​បើ​លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ និង​លោក អ៊ា សុខា ប្រធាន​មន្តីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃ​ព្រះ​រកា គឺ​គ្មាន​ឈ្មួញ​ឬ​ជនល្មើស​ណា​អាច​ហ៊ាន​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ព្រះ​រកា បានឡើយ​។

​ប៉ុន្តែ​ជាក់ស្ដែង​លោក ប្រាក់ សុវណ្ណ និង​លោក អ៊ា សុខា សម្ងំ​ស្ងៀម​ហើយ​ទុកឲ្យ​លោក យ៉ាន ប៊ុនធឿន នាយក​ដែនជម្រកសត្វព្រៃ​ព្រះ​រកា និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទើប​មាន​ក្រុម​ឈ្មួញ ក្រុម​ជនល្មើស​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​ព្រះ​រកា នៃ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ យ៉ាង​គឃ្លើន​។​

បញ្ហា​នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន មិនគួរ​ជឿរ​តាម​របាយការណ៍​របស់​លោក អ៊ា សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ និង​លោក យ៉ាន ប៊ុនធឿន នាយក​ដែនជម្រកសត្វព្រៃ​ព្រះ​រកា តទៅទៀត​ទេ​ព្រោះ​បទល្មើស​បំផ្លាញ​ព្រៃ​ព្រះ​រកា កំពុង​រាលដាល​យ៉ាង​ពេញទំហឹង​នៅ​ក្មុង​ស្រុក​ទាំង​បី​ស្រុក​ខាងលើនេះ​៕