អាជ្ញាធរ​ខណ្ឌ​ទួលគោក​ហាក់បីដូច​ជា​មិន​អើពើរ​ទីតាំង​ល្បែងស៊ីសង​តាម​អន​ឡាញ​ភ្នាល់​បាល់​មួយ​កន្លែង​នេះ​សោះ​

ភ្នំពេញ ៖ ទីតាំង​បើក​ល្បែង​អន​ឡាញ​ភ្នាល់​បាល់​ខុសច្បាប់ ជ្រក​ក្រោម​ហាង​កាហ្វេ​មួយកន្លែង​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​៣ គ្មាន​សមត្ថកិច្ច​បង្ក្រាប ហាង​កាហ្វេ​មួយកន្លែង ស្ថិតនៅ​ផ្ទះ​លេខ ៨៩E0 ផ្លូវ​លេខ​២៣៣ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌ​ទួលគោក បាន​បន្លំ​ភ្នែក​ប្រជាពលរដ្ឋ​លួច​បើក​ល្បែងស៊ីសង​ខុសច្បាប់ អន​ឡាញ​ភ្នាល់​បាល់​យ៉ាង​គគ្រឹកគគ្រេង​ហាក់ដូចជា​មិន​ខ្វល់ និង​ខ្លាចរ​អាជ្ញាធរ​ខណ្ឌ​ទួលគោក​បន្តិច​សោះ​។​

​តាម​ប្រជាពលរដ្ឋ​ដែល​លក់ដូរ​ក្បែរ​នោះ​បាន​លួច​បង្ហើប​ប្រាប់ថា ជា​រៀងរាល់ថ្ងៃ​គេ​តែងតែ​ឃើញ​មនុស្សម្នា​ចេញចូល​ទីតាំង​ខាងលើ​យ៉ាងច្រើន​កុះករ ដែល​ដំបូង​ស្មាន​តែ​គេ​ចូល​ផឹក​កាហ្វេ តែ​តាមពិត​គឺ​ក្រុមមនុស្ស​ទាំងនោះ បាន​ចូល​ទៅ​លេង​ល្បែង​ភ្នាល់​បាល់​តាម​អន​ឡា​ញ ដែល​បើក​នៅក្នុង​ហាង​កាហ្វេ​នោះ​សោះ ព្រោះ​ថា​ទីតាំង​នោះ​ទំនងជា​ត្រូវ​រូ​វ​គ្នា​ជាមួយ​អាជ្ញាធរ ឬ​សមត្ថកិច្ច​គ្រប់​ថ្នាក់​អស់ហើយ​មើលទៅ បានជា​គ្មាន​អ្នក​បង្ក្រាប​សោះ ។​

​គួរបញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៩-២០២០ និង ពិធី​ចែក​រង្វាន់​ដល់​សិស្ស​ពូកែ​រាជធានី​ភ្នំពេញ សម្រាប់​ឆ្នាំ​សិក្សា​២០១៨-២០១៩ នៅ​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួលគោក បាន​មានប្រសាសន៍​លើកឡើងថា ក្នុងនាម​លោក​ជា​អាជ្ញាធរ​ដែនដី​រាជធានី​ភ្នំពេញ លោក​សន្យាថា នឹង​លុបបំបាត់​ល្បែងស៊ីសង ប្រភេទ ហ្គេម​បាញ់​ត្រី​ឲ្យអស់​នៅក្នុង​រាជធានី​ភ្នំពេញ ព្រោះ​វា​បានធ្វើអោយ សិស្សានុសិស្ស​គេច​សាលារៀន ។​ដូច្នេះ​ទេ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវមាន​វិធានការ​លុបបំបាត់​ល្បែង​ប្រភេទ​នេះ​អោយអស់​ពី​ក្នុង​អាណាចក្រ​របស់ខ្លួន​។​

​លោក ឃួ​ង ស្រេង ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កន្លង​មកនេះ​យើង​បាន​អនុវត្ត​រួច​ហើយ​ជុំវិញ​ការបង្ក្រាប​ល្បែង​ហ្គេម​បាញ់​ត្រី​នេះ ហើយ​រាល់​ការបង្ក្រាប កម្លាំង​មាន​សមត្ថកិច្ច​របស់​យើង បានត្រឹមតែ​ដកហូត​ទូរ​ហ្គេម​និង​បិទ​ទីតាំង​ប៉ុណ្ណោះ​។ ប៉ុន្តែ​ចាប់ពី​ពេលនេះ​ត​ទៅ​យើង​ត្រូវតែ​មាន​វិធានការ​ក្តៅ​ជាង​មុន ពោល​គឺ​ត្រូវ​ចាប់​ម្ចាស់​ទូរ​ហ្គេម​នោះ​អោយបាន ទោះ​ជា​អ្នកមើលការខុសត្រូវ​ស៊ីប្រាក់ខែ​គេ​ក៏ដោយ យើង​ត្រូវតែ​ឃាត់​យក​មក​សួរនាំ ដើម្បី​ឈាន​ទៅដល់​ការចាប់​ម្ចាស់​ទូរ​ហ្គេម​មក​ដាក់ទោស​ទៅតាម​ច្បាប់​។ ក្រៅ​ពី​ការសន្យា លើ​ការបង្ក្រាប​ល្បែងស៊ីសង​អោយខាងតែបាន​ហើយ​នោះ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ក៏​ជា​ចំណុច​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ មាន​វិធានការ​បង្ក្រាប​យ៉ាង​ពេញទំហឹង​ផងដែរ ពោល​គឺ​ធ្វើ​យ៉ាងណា​អនុវត្ត​អោយបាន​នូវ​គោលនយោបាយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព ។​

​ដោយឡែក​ពាក់ព័ន្ធ​ករណី​ល្បែងស៊ីសង​ខាងលើ ប្រជាពលរដ្ឋ​រង់ចាំ​មើល​ថា តើ​ប្រសាសន៍​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ឲ្យ​អនុវត្ត​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ទួលគោក តែ​មាន​ប្រសិទ្ធភាព​ដែរឬទេ ៕​ដោយ​: សូ សុខា​