សិក្ខាសាលា​ស្តីពី “​ការលើកស្ទួយ​ការ​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​កង្វះ​អាហារូបត្ថម្ភ​នៅ​កម្ពុជា​”

នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែ​កត្កិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ស្តីពី “​ការលើកស្ទួយ​ការ​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​កង្វះ​អាហារូបត្ថម្ភ​នៅ​កម្ពុជា​”​។ សិក្ខាសាលា​ដ៏​មាន​អត្ថន័យ​នេះ ក៏​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម​ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្តម​សមាជិកសភា តំណាង​ក្រសួង​អភិវឌ្ឍ​ជនបទ ក្រសួង​សុខាភិបាល លោក ខៃ​រ៉ូល ហា​ហ្វីស នាយក​អង្គការ​មុស្លិម​អេដក​ម្ពុ​ជា (Muslim Aid Cambodia, MAC) ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន ភ្ញៀវ​កិត្តិយស​ជាតិ​-​អន្តរជាតិ​យ៉ាងច្រើន​កុះករ​។

​ជាបឋម លោក ខៃ​រ៉ូល ហា​ហ្វីស មានមតិ​ស្វាគមន៍ និង​រាយការណ៍​ជូន​អង្គពិធី​ជ្រាបថា អង្គការ​នេះ​បាន​មក​ចូលរួម​អភិវឌ្ឍ​វិស័យ​ផលិតកម្ម​គោ​ជា​លក្ខណ​គ្រួសារ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០០៧ គោល បំណង​សំខាន់​របស់​អង្គការ​គឺ ផ្តល់​ជំនួយ​មនុស្សធម៌​ដើម្បី​ជួយ​ដល់​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ​តាមរយ​:​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​សត្វ​គោ​ជា​លក្ខណ​គ្រួសារ​។ គោលនយោបាយ​របស់​អង្គការ​ក្នុង​ការចែក​គោ​ជូន​ប្រជាពលរដ្ឋ ការបណ្តុះបណ្តាល​បច្ចេក​ទេស​ការជ្រើសរើស និង​បង្កាត់ ពូជ ចិញ្ចឹម ផលិត​ចំណី ការការពារ ព្យាបាល​ជំងឺ និង​ទីផ្សារ​ផងដែរ​។ ផលប្រយោជន៍​នៃ​ការចិញ្ចឹម​គោ​ប្រៀប​បាន​ធនាគារ​សន្សំ​ប្រាក់ គឺ​វា​អាច​ផ្តល់​ជា​សាច់ ទឹក​ដោះ ស្បែក ឆ្អឹង និង​លាមក​ផលិត​ជី ធម្មជាតិ ផលិត​ជា​ហ្គាស​សម្រាប់​ប្រើ​ចំអិន​អាហារ កាត់បន្ថយ​ការប្រើ​ឈើ​ធ្វើ​ពី​អុស និង​ធ្យូង ជា ពិសេស​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​ទៀតផង​។ ទាំងអស់នេះ​គឺជា​ប្រាក់ចំណូល​និរន្ត​ភាព​សម្រាប់​គ្រួសារ​កសិករ​នៅ​ជនបទ​។

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​របស់​សមាជិក​សមាជិកា ជា ពិសេស​លោក ខៃ​រ៉ូល ហា​ហ្វីស និង​អង្គការ Muslim Aid ដែល​បាន​សហការ​រៀបចំ​សិក្ខាសាលា​នេះ ដើម្បី​ធ្វើ​ការត្រួតពិនិត្យ វាយតម្លៃ​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​លើកស្ទួយ​ខ្សែ​ច្រវាក់​ផលិតកម្ម​នៃ​ការ​ចិញ្ចឹមសត្វ សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​សហគម​ន៍​ប្រកបដោយ​ចីរភាព និង​លើក​ទិសដៅ​អនុវត្ត​បន្ត ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​បសុសត្វ ២០១៦- ២០២៥ ដោយ​ផ្សាភ្ជាប់​ទៅ​នឹង​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ២០១៩- ២០២៣ ជាពិសេស​មុំ​ទី​១ នៃ​ចតុកោណ​ទី​៤ ស្តី​ពី​ការលើកស្ទួយ​វិស័យ​កសិកម្ម និង​ការអភិវឌ្ឍ​ជនបទ ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​។ លោក​បាន​ធ្វើ​ការកោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ជា​ផ្លែផ្កា​ទទួលបាន​ពី​កិច្ចសហការ​នេះ​ជា​ប្រយោជន៍​ដល់​ន្រជាកសិ​ករ និង​សេដ្ឋកិច្ច​ជាតិ​ជារួម​។​

​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ចាត់ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​សំខាន់ ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ធានា​សន្តិសុខ​ស្បៀង និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​។ ក្នុងនោះ ការលើកកម្ពស់​សេវា​សុខភាព​សត្វ ការការពារ បង្ការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​សត្វ ការធានា​សុវត្ថិភាព​សាច់ ផលិតផល​សត្វ​ដែល​កម្ពុជា​បាន​បំពេញ​កាតព្វកិច្ច​ក្នុង​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភព លោក (WTO) អង្គការ​សុខភាព​សត្វ​ពិភពលោក (OIE) និង​ការធ្វើ​សមាហរណកម្ម​កម្ពុជា​ក្នុង​អាស៊ាន និង​ក្នុង​សាកលលោក​ផងដែរ​។ ក្នុង​បរិការណ៍​នេះ ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​គ្រប់គ្រង​អនុ​វិស័យនេះ ក្នុង​គោលដៅ​ពង្រឹង​ការអនុវត្ត​ស្តង់ដារ​អនាម័យ​លើ​ផលិតផល​សត្វ និង​ជំរុញ​អនុវត្ត​វិធានការ​អនាម័យ​សត្វ​ដើម្បី​បង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការឆ្លង​រាលដាល​ជំងឺ​សត្វ ក៏​ដូចជា​ការការពារ​សុខភាព​សាធារណៈ​ជា​ចម្បង​ផងដែរ​។ ជាងនេះទៅទៀត ការជំរុញ​លើកទឹកចិត្ត​ដល់​ការវិនិយោគ​ពី​វិស័យ​ឯកជន ត្រូវបាន​លើក កម្ពស់​សំដៅ​ពង្រីក​ការផលិត​ចំណី​សត្វ​ក្នុង​ទ្រង់ទ្រាយ​មធ្យម និង​ធំ​ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​ឱ្យអស់​ពី​លទ្ធភាព កាត់បន្ថយ​ការ​នាំចូល​នូវ​ផលិតផល និង​វត្ថុធាតុដើម​ដែល​មិន​ចាំបាច់​ពី​បរទេស និង​ការធ្វើ​ចំណាកស្រុក​របស់​ពលក​រ​កម្ពុជា​។ ដើម្បី​គាំទ្រ​ដល់​ចលនា​ចិញ្ចឹមសត្វ រួមជាមួយ​នឹង​ការលើកកម្ពស់​ប្រព័ន្ធ​ផ្តល់​សេវា​បច្ចេកទេស កែលម្អ​ពូជ​សត្វ និង​ផ្សាភ្ជាប់​ទីផ្សារ​ជូន​កសិករ និង​អ្នក​ផលិត ការកែច្នៃ​ផលិតផល​បសុសត្វ ការបង្កើត​សត្តឃាតដ្ឋាន​ទំនើប ព្រមទាំង​ការសម្រួល​ពាណិជ្ជកម្ម​សត្វ និង​ផលិតផល​សត្វ​ជាដើម ។​

​ទោះជា​យ៉ាងណា យើង​ទទួលស្គាល់ថា ការអភិវឌ្ឍ​ផលិតកម្ម​សត្វ ការស្រាវជ្រាវ ការអភិវឌ្ឍ​ពូជ សត្វ និង​ការផ្តល់​សេវា​បច្ចេកទេស​នៅមានកម្រិត ការអភិវឌ្ឍ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​មិន​ទាន់​ឆ្លើយតប​បាន​ទៅនឹង​តម្រូវការ​ទីផ្សារ ខ្វះ​ការវិនិយោគ​លើ​ការកែច្នៃ​ផលិតផល​សត្វ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​គាំទ្រ​ដល់​ការផលិត ការកែច្នៃ និង​ទីផ្សារ តម្លៃ​អគ្គិសនី​នៅ​ខ្ពស់ ការធ្លាក់​ចុះ​កម្លាំង​ពលកម្ម ស្របពេល​នឹង​បញ្ហា​ប្រឈម​នានា​ដែល​អាច​កើតមានឡើង​ជា​យថាហេតុ ដោយសារ​ឥទ្ធិពល​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​ឌីជីថល​ភាវូបនីយកម្ម​។ ម្យ៉ាង ទៀត ប្រព័ន្ធ​ផលិតកម្ម​សត្វ ភាគច្រើន​ជា​ផលិតកម្ម​ខ្នាតតូច ដែល​តែងតែ​ទទួលរង​នូវ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ពី​បាតុភូតធម្មជាតិ ការ​រាលដាល​នៃ​ជំងឺឆ្លង​សត្វ​ផ្សេងៗ​ក៏​បាន​ដាក់បន្ទុក​ធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ផងដែរ​។ ឆ្លើយតប​ទៅនឹង​មូលបញ្ហា​នេះ ពិសេស​ក្នុង​ក្រប​ខណ្ឌ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ក្រសួង​បាន​ដាក់ចេញ​នូវ​ចក្ខុវិស័យ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ផលិត កម្ម​សត្វ ដើម្បី​ប្រែក្លាយ​ផលិតកម្ម​សត្វ​បែប​ទំនើប មាន​លក្ខណៈ​ប្រកួតប្រជែង បរិយាប័​ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព ដែល​នាំ​ដល់​ការកើនឡើង​ប្រាក់ចំណូល​គ្រួសារ​កសិករ តាមរយ​: ជំរុញ​កំណើន​ផលិតកម្ម​សត្វ​ឱ្យ​កើន ៣%/​ឆ្នាំ ដោយ​បង្កើន​ផលិតផល​សាច់​ពី ២៤០​ពាន់​តោន​នៅ​ឆ្នាំ​២០១៩ ដល់​២៧០​ពាន់​តោន​នៅ​ឆ្នាំ​២០២៣ និង​អត្រា % នៃ​ការ​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​កើន​ពី​១៩% នៅ​ឆ្នាំ​២០១៧ ដល់ ៣០% នៅ​ឆ្នាំ​២០២៣ ជំរុញ​ការចិញ្ចឹម​គោ​ពូជ​កូនកាត់​ឲ្យបាន​ប្រមាណ​៣០% នៅ​ឆ្នាំ​២០២៣​។​

​ដើម្បី​ទទួលបាន​ជោគជ័យ ក្នុង​ការអនុវត្ត​គម្រោង​នេះ​បន្ថែម​ទៀត ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តល់​ចក្ខុវិស័យ និង​អនុសាសន៍​មួយចំនួន​ជូន​អង្គពិធី​ទាំងមូល ដើម្បី​ជា​ធាតុ​ចូល​សម្រាប់​យក​ទៅ​ពិចារណា និង​អនុវត្ត​បន្ត​ដូចតទៅ​៖

​ទី​១. គ្រប់​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​សហការ​គ្នា​ឲ្យបាន​ល្អ​ប្រសើរ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ផ្នែក​ចិញ្ចឹមសត្វ ជា​ពិសេស​មួយ​អង្គការ Muslim Aid ដើម្បី​រួមចំណែក​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​២០១៩-២០២៣​។​

​ទី​២. អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ត្រូវ​ជួយ​គាំទ្រ និង​សហការ​ផ្តល់​បចេ្ចកទេស​ដល់​ប្រជាកសិករ​ជាមួយ​អង្គការ Muslim Aid ដោយ​ត្រូវ​ផ្សព្វផ្សាយ​បន្ត​ដល់​កសិករ​ចិញ្ចឹម ការជ្រើសរើស​ពូជ ការ​បង្កាត់​ដោយ​សិប្បនិម្មិត ការ​ធ្វើ​អនាម័យ ការចាក់​វ៉ាក់សាំង​។​

​ទី​៣. ត្រូវ​លើកកម្ពស់​ការស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ពូជ​សត្វ និង​ការ​បង្កាត់​ពូជ ដើម្បី​បង្កើន​ផលិតភាព​សត្វ ធ្វើឲ្យ​ប្រសើរឡើង​នូវ​គុណភាព សុវត្ថិភាព​ផលិតផល​សត្វ​។ ត្រូវ​បន្ត​ប្រែក្លាយ​ការ​ចិញ្ចឹមសត្វ​ជា​លក្ខណ​គ្រួសារ​ឲ្យទៅ​ជា​ការចិញ្ចឹម​បែប​ពាណិជ្ជកម្ម លើកទឹកចិត្ត​ដល់​ការចិញ្ចឹម​ដែលមាន​ផលិតភាព​ខ្ពស់ ប្រកបដោយ​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ។​

​ទី​៤. ជំរុញ​និង​លើកកម្ពស់​ការត្រួតពិនិត្យ​អនាម័យ​សត្វ ផលិតផល​សត្វ គុណភាព និង​អនាម័យ​ចំណី​សត្វ និង​ប​សុ​ឱសថ ដើម្បី​ការពារ​ជំងឺឆ្លង ធានា​គុណភាព​សុវត្ថិភាព​សាច់សត្វ និង​ផលិតផល​សត្វ​សម្រាប់​អ្នក​បរិភោគ​។

​ឯកឧត្តម​សង្ឃឹមថា​អង្គការ Muslim Aid នឹង​ខិតខំ​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ជាមួយ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​តាម​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​” ដើម្បី​សម្រេច​តាម​គោលដៅ គោលបំណង និង​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា តាម​ការរំពឹងទុក​។​