ឃាតក ដៃ​ឆៅ ចិត្ត​ស្លុយ ដែល​កាប់សម្លាប់​ស្ត្រី​មេម៉ាយ​កូន​២​ម្នាក់​យ៉ាង​សាហាវ​ទាំង​ព្រឹក​នៅ​ខេត្ត​តាកែវ ពេលនេះ​សមត្ថកិច្ច​ចាប់បាន​ហើយ​

តាកែវ ​៖ ​ឈាម​ស្រែក​ស្បែក​ហៅ គិត​ថា​កាប់សម្លាប់​គេ​ហើយ អាច​រត់គេច​ខ្លួន បាន​រហូត​នោះ គឺ​គេច​មិន​រួច​នោះទេ គឺ​ត្រូវតែ​មក​ទទួល​ទោស នៅ​អ្វីដែល​ខ្លួន​បាន​ប្រព្រឹត្ត ជនសង្ស័យ​ដែល ជា​ឃាតក​ម្នាក់​បាន​កាប់សម្លាប់​ទៅលើ​ស្ត្រី​មេម៉ាយ​កូន​២ ខណៈ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ទៅ​ផ្សារ​នោះ ពេលនេះ​ត្រូវបាន​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​សំរោង ចាប់បាន​ហើយ​។​

​សូមបញ្ផាក់ផងង​ដែរ​ថា កាលពី​វេលា​ម៉ោង ៥​និង​០០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ មានរ​ណីឃាតកម្ម​មួយ កើតឡើង​នៅ​ចំណុច​មុខ​ក្លោងទ្វារ​ចូល​សាលា​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ភ្នំ​ជី​សូរ ស្ថិតក្នុង​ភូមិ​ដកពរ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ​។​

​ជនរងគ្រោះ​មានឈ្មោះ ហៀ​ង សុខុន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​។​

​ចំណែក​ជនដៃដល់​មានឈ្មោះ សែម ហាក់​ឡី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាងកាត់សក់ មាន​ទីលំនៅ​ភូមិ​ពោធិ៍ ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ ។​បើ​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ បាន​ជិះ​ម៉ូតូ​ទៅ​ផ្សារ​ទិញ​បន្លែ​មក​លក់​នៅ​ក្នុង​ភូមិ​ដូច​សព្វដង តែ​មិន​ទាន់​ជិះ​ផុត​ភូមិ​ផង​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​លប​កាប់​ពីក្រោយ បណ្ដាលឲ្យ​ហូរឈាម​ស្រោច​ពេញ​ខ្លូន បន្ទាប់ពី​កាប់​រួច​ជនសង្ស័យ​បាន​ស្រែក​ថា និង​ហើយ​មី​ស្រី​ផិតក្បត់​រួច​ក៏​ជិះ​ម៉ូតូ​រត់​ចេញ​ទៅ​បាត់​។​

​បន្ទាប់ពី​ធ្វើ​ការស្រាវជ្រាវ និង​តាមដាន​យ៉ាង​ហ្មត់ចត់ នៅវេលា​ម៉ោង​១៩ និង​០០​នាទី​ដដែល កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បាន​នៅ​ចំណុច​កំពង់ចំឡង​ស្វាយជ្រុំ ស្ថិតក្នុង​ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​បាន​នាំខ្លួន​ជនសង្ស័យ មក​ស្នងការដ្ឋាន​នគ​របាល​ខេត្តតាកែវ ដើម្បី​សាកសួរ​បន្ត ។​

​បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង ខេត្តតាកែវ ចាត់ការ​តាម​ផ្លូវច្បាប់​៕
​ដោយ​:​សូ សុខា​