រន្ធត់​ណាស់​!​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ទិញ​ម្ហូប​ត្រូវ​រថយន្ត​ដឹក​ត្រី​បុក​កិន​ស្លាប់​ម្នាក់​រង​របួសស្រាល​ម្នាក់​

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅនឹងកន្លែង​យ៉ាង​អាណោចអាធ័ម និង​ម្នាក់​ទៀត​រងរបួស​ស្រាល ខណៈ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​ទៅ​ទិញ​ម្ហូប ត្រូវ​រថយន្ត​ហ៊ីយ៉ាន់ដាយ​សណ្តោង​ដឹក​ត្រី​ធុន​យក្ស​មួយ​គ្រឿង​បុក​ពីក្រោយ កិន​ពី​លើ​ពេញទំហឹង​រួច​ព្យាយាម​បើក​រត់​ត្រូវបាន​សមត្ថកិច្ច​ដេញចាប់​មកវិញ ។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង ៤០​នាទី​យប់​ថ្ងៃទី ១៩ ខែតុលា​ឆ្នាំ ២០១៩ នៅតាម​បណ្ដោយ​ផ្លូវ ២១៧ ជិត​និង​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ក្នុង​សង្កាត់​ជើងឯក​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​(​ស្លាប់​)​មាន​ឈ្មោះ​ហុង សា​រ៉ា​យ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ​រោងចក្រ ស្នាក់​នៅ​ក្បែរ​សារមន្ទី​ជើងឯក មាន​ស្រុកកំណើត​នៅ​ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​ជា​អ្នក​អង្គុយ​នៅ​ពីក្រោយ​។​

​ចំណែក​ម្នាក់​ទៀត​រងរ​បួស​ស្រាល​មាន​ឈ្មោះ​ឈន តយ​អាយុ ២៥ ឆ្នាំ​មុខរបរ​បោក​អ៊ុត​ស្នាក់នៅ​ម្ដុំ ក្តាន់​ពីរ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​មាន​ស្រុកកំណើត​នៅ​ឃុំ​ភូមិ​ជាមួយគ្នា​។​

​តាម​ប្រភព​ពី​ជនរងគ្រោះ​រងរបួស​ស្រាល​និង​ជា​អ្នកបើកបរ​ម៉ូតូ​បាន​ប្រាប់​ឲ្យដឹងថា​មុន​កើតហេតុ​រូប​គាត់​មាន​គ្នា​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​០១៤​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FR-7883​ធ្វើដំណើរ​ទិស​ពី​ត្បូង​ទៅ​ជើង​បំណង​ទៅ​ទិញ​ម្ហូប​ខណៈ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ក៍​មាន​រថយន្ត​ហ៊ីយ៉ាន់ដាយ​សណ្តោយ​ដឹកត្រី​ធុនយ​ក្ស​គ្រឿងក្បាល​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​3E-7659​បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​និង​បុរស​ម្នាក់​បើក​មក​ពី​ក្រោយ​បុក​ម៉ូតូ​របស់​បណ្តាល​ខ្ទាត​មិត្ត​ភក្ត័​អង្គុយ​នៅ​ខាងក្រោយ​ចូល​កង់​រថយន្ត​ខាងក្រោយ​ផ្នែក​ខាងស្តាំ​កិន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​កើយ​ហេតុ​ចំណែក​រូបគាត់​ជា​អ្នកបើក​ខ្ទាត​ចេញ​ចេញ​ក្រៅ​រង​របួសស្រាល​។​ប្រភព​ដ​ដែរ​បាន​បន្តទៀតថា​ភ្លាមៗ​នោះ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​បាន​ប្រមាណ​ជាង​៣០០​ម៉ែត្រ​ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​ហេតុ​ការ​នេះ​បាន​ដេញចាប់​បាន​រថយន្ត​បង្ក​និង​អ្នកបើកបរ​និង​អ្នករួមដំណើរ​រួច​ប្រគល់​ជូន​សមត្ថកិច្ច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោរ​ដើម្បី​សួ​នាំ​បន្ត​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅ​ស​ម​ត្ថ​កិច្ច​ជំនាញ​ចុះមក​ធ្វើ​ការវាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រងចាំ​ធ្វើ​ការដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​។​ដោយឡែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
​ដោយ​: សូ សុខា​