អាសូ​ណាស់​លោក​អើយ ! ពលរដ្ឋ​ខ្មែរ​ចំនួន ៤ នាក់ បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ស្រុក​វឌ្ឍនា​ណា​ក់​ខន ខេត្ត​សា​កែវ​.!

ខេត្ត​សា​កែវ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​រវាង​រថ​យន្ត និង​រថយន្ត បង្ក​អោយ​ពលរដ្ឋ​ខ្មែរ​ចំនួន ៤ នាក់ បាន​ស្លាប់ និង រងរបួស​ជាច្រើន​នាក់​។ ដែល​ហេតុការណ៍​នៃ​បាន​កើតឡើង​នៅវេលា​ម៉ោង ១០ និង ២៤ នាទី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១២ ខែ​កញ្ញា ឆ្នាំ​២០១៩ នេះ​។

​យោងតាម​ប្រភព​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​៖ មុនពេល​កើតហេតុ​ដំ​ឡើយ គេ​ឃើញ​មាន​រថយន្ត​ពីរ​គ្រឿង​បើក​បញ្ច្រាសទិស​គ្នា លុះ​មក​ចំនុច មុខ​វត្ត​ណូន​ជិក ឃុំ​វឌ្ឍនា​ណា​ក់​ខន ស្រុក​វឌ្ឍនា​ណា​ក់​ខន ខេត្ត​សា​កែវ បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​តែ​ម្តង​។​

​ប្រភព​ដដែល​បាន​អោយដឹងថា​៖ រថយន្ត​ម៉ាក Toyota Camery ពាក់​ស្លាក​លេខា​កែវ កខ​-៣៧៨៩ ដឹក​ភ្ញៀវ​លក្ខណៈ​ទេសចរណ៍​បើក​ក្នុង​ទិសដៅ​បញ្ច្រាស់​ទិស​គ្នា បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង ជាមួយ​រថយន្ត​ប្រភេទ​វ៉ែន ពាក់​ស្លាក​លេខ​បាងកក ៣៣-៤៩៣៣ ដឹក​អ្នកដំណើរ ក្នុង​ទិសដៅ​ពី​ទីក្រុង​បាងកក​-​ឆ្ពោះ​មក​កាន់​ផ្សារ​រោង​ក្លឿ ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ប៉ោយ​ប៉ែត​-​ខ្លង​លឹក ។​

​ប្រភព​ពី​កន្លែងកើតហេតុ​បាន​បញ្ជាក់​អោយដឹងថា​៖ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​បណ្តាលឱ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ៥ នាក់ និង​រងរបួស ៧ នាក់​។ ហើយ​ក្នុងនោះ ពលរដ្ឋ​ខ្មែរ​ចំនួន ១០​នាក់ ធ្វើដំណើរ​លក្ខណៈ​(​ជា​ទេសចរ និង អ្នកជំងឺ​) ដែល​ជិះ​ក្នុង​រថយន្ត​វ៉ែន បើកបរ​ដោយ​ជនជាតិ​ថៃ ទិសដៅ​ពី​បាងកក មក​កាន់​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក បាន​រងគ្រោះ​ស្លាប់​ចំនួន ៤​នាក់ (​ស្ត្រី​៣​នាក់​និង​ម្នាក់​ជា​កុមារា​)​។ ចំណែក ៦​នាក់​ផ្សេង​ទៀត គឺ ៤​នាក់​រងរបួស​ស្រាល និង ២​នាក់​រងរបួស​ធ្ងន់ កំពុង​ទទួល​ការសង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ តៃកុង​ឡាន​វ៉ែន ជា​ជនជាតិ​ថៃ​បាន​ស្លាប់​។

​រីឯ​អ្នកបើកបរ​រថយន្ត​ទេសចរណ៍​សន្លប់​មិនទាន់​ដឹង​ខ្លួន​នៅឡើយ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​សង្គ្រោះ​ជា​បន្ទាន់​ផងដែរ​។

​មន្ត្រី​ស្ថាន​អគ្គ​កុងស៊ុល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ខេត្ត​សា​កែវ​(​ស្រះកែវ​) បានអោយដឹងថា​៖ ក្រុម​ការងារ​លោក​ក៏​បាន​ចុះ​ទៅ​កាន់​កន្លែងកើតហេតុ ជួប​ជនរងគ្រោះ​ដែល​ជា​ពលរដ្ឋ​ខ្មែរ និង អាជ្ញាធរ​ពាក់ព័ន្ធ​ភាគី​ថៃ បាន​និង​កំពុង​សហកា​រ​សង្គ្រោះ និង​ទំនាក់ទំនង​ស្វែងរក​សាច់ញាតិ​សព ជនរងគ្រោះ ដែល​ជា​ពលរដ្ឋ​ខ្មែរ ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ថៃ​-​កម្ពុជា បាន​រៀបចំ​បែបបទ នាំយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​កម្ពុជា​វិញ ។​

​សូមបញ្ជាក់ៈ ពលរដ្ឋ​ខ្មែរ​ទាំង ៤​នាក់ ដែល​បាន​ជួប​គ្រោះថ្នាក់​ស្លាប់​នោះ រស់នៅ​ភូមិ​គោក​ព្រិច ឃុំ​តា​ផូ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ មានឈ្មោះ​ដូច​ខាងក្រោម​៖ ទី​១.​អោក លីម ភេទ​ស្រី អាយុ ៥១​ឆ្នាំ ទី​២.​ជួង ស៊ី​ញី​ន ភេទ​ស្រី អាយុ ១៦​ឆ្នាំ ទី​៣.​ជួង ចាន់នី​ន ភេទ​ស្រី អាយុ ១៧​ឆ្នាំ ទី​៤.​ជួង ឡៃ​អ៊ិន ភេទ​ប្រុស អាយុ ១១​ឆ្នាំ ៕