ម្ចាស់​ហាង ច័ន្ទ សាឡ​ន ម្នាក់ យក​កន្ត្រៃ​ចាក់​កម្មការិនី​ម្នាក់​របួស​ពេញ​ខ្លួន​

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​ម្ចាស់​ហាង ច័ន្ទ សាឡ​ន បាន​ប្រើ​ហិង្សា​យក​កន្ត្រៃ​ចាក់​ទៅលើ​នារី​ម្នាក់​ជា​កម្មការិនី​រោងចក្រ​បណ្តាលឲ្យ​របួស​ហូរឈាម​ស្រោច​ខ្លួន បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១១ និង​២០​នាទី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៩ ស្ថិតនៅ​ខាងក្រោយ​ផ្សា​រវិន​មីង ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ជនរងគ្រោះ​មានឈ្មោះ ចាន់ ថា មុខរបរ កម្មការិនី​រោងចក្រ ស្នាក់​នៅ​ក្រោយ​ផ្សា​រវិន​មីង ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ចំណែក​ជន​បង្ក​ឈ្មោះ ឡុញ ច​ន្នី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់ ម្ចាស់​ហាង ច័ន្ទ សាឡ​ន ស្នាក់​នៅ​ក្រោយ​ផ្សា​រវិន​មីង ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភព​ពី​ជនរងគ្រោះ​បានឲ្យដឹងថា កន្លង​មក​រូប​ខ្លួន​ធ្លាប់​ធ្វើការ​នៅ​កន្លែងកើតហេតុ​រួច​ក៍បាន​ឈប់​តាំងពី​យូ​ណាស់​មកហើយ ហើយ​ពេល​កន្លងមក​ក៏​ធ្លាប់​ទាក់ទង​គ្នា​តាម​ទូរស័ព្វ តែ​មិន​ដែល​ចុះសម្រុង​គ្នា​នោះទេ ដោយសារ​ម្ចាស់​ហាង​ហៅ​មក​ធ្វើការ​វិញ​តែ​នាង​មិន​ព្រម​។​ជនរងគ្រោះ​បាន​បន្តថា រហូតមកដល់​ថ្ងៃកើតហេតុ រូបនាង​បាន​ដើរកាត់​កន្លែង​ជនបង្ក ពេលនោះ​ម្ចាស់​ហាង បាន​ហៅ​ជនរងគ្រោះ​ឲ្យចូល​ក្នុង​រួច​និយាយ​គ្នាក៏​ទាក់ពាក្យស​ម្តី​គ្នា ទើប​ជន​បង្ក​ម្ចាស់​ហាង បាន​ទះកំភ្លៀង ជនរងគ្រោះ រួច​យក​កន្ត្រៃ​មកចាក់​បណ្តាលឲ្យ​រងរបួស​ជាច្រើន​កន្លែង ក៏​មាន​ការ​តដៃ​គ្នា​ទៅវិញទៅមក​បណ្តាលឲ្យ​រងរបួស​ទាំងសងខាង​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ចំណុចកើតហេតុ និង​ឃាត់ខ្លួន​នាំយក​ទៅ​ប៉ុស្តិ៍​នគរបាល​ដើម្បី​ចាត់ការ​តាមច្បាប់ ៕